ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មហាសេដ្ឋីលេខ២ នៅ​ថៃ ពី​អ្នក​ចៀន​នំ​លក់​តាម​ផ្លូវ រហូត​មាន​ទ្រព្យ​រាប់​ពាន់​លាន​ដុល្លារ

 

កាល​ពី​ប៉ុន្មាន​ខែ​​មុន​ គេហទំព័រ​ Forbes ​បាន​ចេញ​ផ្សាយ​របាយការណ៍​ចំណាត់​ថ្នាក់​មនុស្ស​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​លើ​​ពិភព​លោក​ដោយ​លោក​ Bill Gate ​បន្ត​ឈរ​នៅ​លេខ​មួយ​ លើ​លោក​ដដែល​ជាមួយ​ទ្រព្យ​សម្បត្តិ ៨៦​ពាន់​លាន​ដុល្លារ​អាមេរិក។

ចំណែក​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​ ២០១៧​ នេះ​​ គឺ​បាន​ទៅ​លោក Brothers Chearavannont ជាមួយ​ទ្រព្យ​សម្បត្តិ ២១,៥​ពាន់​លាន​ដុល្លារ ​មាន​ជំនួញ​​ខាង​ចំណី​អាហារ និង​លេខ ២ ​បាន​ទៅ​លោក Charoen Sirivadhanabhakdi ជាមួយ​ទ្រព្យ​សម្បត្តិ ១៥,៤​ពាន់​លាន​ដុល្លារ ​មាន​ជំនួញ​ផ្នែក​ភេសជ្ជៈ និង​ក្រុមហ៊ុន​អចលនទ្រព្យ។ ប៉ុន្តែ​ពេល​នេះ សូម​លើក​យក​ប្រវត្តិ​​​ខ្លះ​ៗ​របស់​មហាសេដ្ឋី​លេខ ២ រូប​នេះ​ ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​ដូច​ខាង​ក្រោម។

លោក ចៈរើន សិរិវឌ្ឍនផាក់ឌី (Charoen Sirivadhanabhakdi) បាន​កើត​នៅ​ថ្ងៃ​ទី ២​ឧសភា ឆ្នាំ ១៩៤៤ មាន​កូន​ ៥​នាក់​ ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​របស់​ថៃ​បច្ចុប្បន្ន។ លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​ភេសជ្ជៈ Thai Beverage ឬ​ស្គាល់​ទូទៅ​ថា ThaiBev ​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ធំ​បំផុត​របស់​ថៃ និង​​ល្បី​ឈ្មោះ​នៅ​លើ​ទី​ផ្សារ​​តាម​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ស្កុតឡែន អៀរឡង់ ចិន និង​បារាំង។ ​លោក​ក៏​ជា​ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​ TCC Group និង​ក្រុមហ៊ុន​ភេសជ្ជៈ Fraser and Neave ដែរ។

គ្រួសារ​របស់​លោក​​​ក៏​កាន់​កាប់​​ក្រុមហ៊ុន​អចលន​ទ្រព្យ​​ដ៏​ធំ​មួយ​នៅ​ថៃ​ដែរ​។ ​លោក​មាន​សណ្ឋាគារ​ចំនួន ៥០​កន្លែង​នៅ​អាស៊ី អាមេរិក អង់គ្លេស និង​អូស្ត្រាលី​ ។គ្រួសារ​​របស់​លោក​នៅ​ថៃ តែ​ដើម​កំណើត​ជា​ជន​ជាតិ​ចិន​ភាគតិច រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន តែ​​លោក​បាន​កើត និង​ធំ​ដឹង​ក្ដី​​នៅ​​​សង្កាត់​ Chinatown ទីក្រុង​បាង​កក។ ​លោក​ជា​កូន​ទី ៦​ ក្នុង​ចំណោម​បងប្អូន​ទាំង​អស់ ១១​នាក់ ​ដែល​មាន​គ្រួសារ​ជា​​អ្នក​ចៀន​នំ​លក់​តាម​ចិញ្ចើម​ផ្លូវ​​ពេល​​មក​ដល់​ទីក្រុង​បាងកក។ លោក​បាន​បោះបង់​ចោល​ការ​សិក្សា​នៅ​អាយុ ​៩​ឆ្នាំ ដើម្បី​ជួយ​កិច្ច​ការ​ឪពុក​ម្ដាយ។ បច្ចុប្បន្ន​លោក ចៈរើន អាច​និយាយ​ភាសា​​ជនជាតិ​ភាគ​តិច Teochew ​បាន​ល្អ​ដូច​ភាសា​ថៃ​ដែរ។

ក្នុង​ឆ្នាំ ១៩៦០៖ អំឡុង​ពេល​លោក​នៅ​ជា​យុវវ័យ​ លោក​បាន​ចាប់​ផ្ដើម​ជំនួញ​តូច​មួយ​​ដែល​ជា​ក្រុមហ៊ុន TCC Group បច្ចុប្បន្ន និង​ជា​ឆ្នាំ​ដែល​លោក​បាន​រៀប​ការ​ជាមួយ​ភរិយា​ អ្នក​ស្រី Wanna ។ ពួក​គាត់​​បាន​ធ្វើ​ការ​រួម​គ្នា​ជា​ឈ្មួញ​កណ្ដាល​​លក់​ស្រា​បិតតិច​តួច ​ធ្វើ​ការ​បែប​នេះ​យូរ​ឆ្នាំ​ទៅ ​​ពួក​គាត់​​អាច​ផលិត​ស្រា​បាន​ខ្លួន​ឯង។

​ឆ្នាំ ១៩៩៥៖ ក្រុមហ៊ុន​លោក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដាណឺម៉ាក​ Carlsberg ដើម្បី​ផលិត​ស្រាបៀ Chang (ឆាង) ជា​លើក​ដំបូង

ឆ្នាំ ២០០៥៖ មាន​​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ThaiBev ក្នុង​ប្រទេស​ថៃ ដោយ​ចោទ​ថា ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ផឹក​ស្រា​កាន់​តែ​ច្រើន។ ក្នុង​ឆ្នាំ​ដដែល​​លោក​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន Carlsberg ​ដែល​រក​ស៊ី​ជាមួយ​ បង់​ប្រាក់ ១២០​លាន​ដុល្លារ ករណី​​ជម្លោះ​ផ្លូវ​ច្បាប់ ហើយ​លោក​ឈ្នះ​បណ្ដឹង។

ឆ្នាំ ២០០៦៖ លោក​បាន​លក់​ភាគហ៊ុន​ជា​ច្រើន​របស់​​​ក្រុមហ៊ុន​ភេសជ្ជៈ ThaiBev ​ទៅ​​កាន់​ប្រទេស​សិង្ហបុរី និង​រក​ចំណូល​បាន ៨៦៥​លាន​ដុល្លារ។ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​លោក គឺ​ទទួល​បាន​ភាគហ៊ុន ៦៨% ពី​ក្រុមហ៊ុន Thai Beverage ​ថែម​ទាំង​ក្រុមហ៊ុន​ Fraser & Neave ចំនួន ៥៩​% ​ និង​មាន​ក្រុមហ៊ុន​ច្រើន​ទៀត៕

លោក ចៈរើន និង​ភរិយា

ប្រភព៖ sabay

ពាក្យទាក់ទង ៖

មតិយោបល់